(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនកីឡាករចំណុះទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» នៅវត្តឯករង្សី ស្ថិតក្នុងភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ដែលកំពុងហ្វឹកហាត់ដើម្បីត្រៀមទៅចូលរួមប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងឱកាសនោះ ព្រះតេជគុណ ចម ចិត្រ ព្រះគ្រូអនុគណស្រុកឯកភ្នំ ជាចៅអធិការវត្តឯករង្សី និងជាប្រធានគណៈគ្រប់គ្រងទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» មានសង្ឃដីការថា វត្តឯករង្សី ក៏ដូចជាចំណុះទូក «នរិន្ទរង្សីពិជ័យចិត្របុត្រ» មានកិត្តិយសដោយមានការយកចិត្តទុកដាក់ និងគាំទ្រពីសំណាក់លោក សុខ លូ អភិបាលខេត្តបាត់ដំបង ដែលបានអញ្ជើញចុះមកសួរសុខទុក្ខដល់វត្តផ្ទាល់។
ព្រះតេជគុណ ថ្លែងអំណរគុណចំពោះលោកអភិបាលខេត្តដែលបានលះបង់នូវពេលវេលាដ៏មានតម្លៃចុះមកសួរសុខទុក្ខ ដើម្បីជាកម្លាំងចិត្តដល់ចំណុះទូកទាំងអស់ ព្រមទាំងមានទំនុកចិត្តនឹងនាំយកទូក «នរិន្ទរង្សីពិជ័យចិត្របុត្រ» ទៅចូលរួមប្រណាំងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ។
លោក សុខ លូ ថ្លែអំណរគុណព្រះតេជគុណចៅអធិការវត្ត ដែលកន្លងមកបានខិតខំដឹកនាំទូក «នរិន្ទរង្សីពិជ័យចិត្របុត្រ» ដើម្បីចូលរួមប្រកួតក្នុងថ្ងៃបុណ្យអុំទូកចេញព្រះវស្សានៅតាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង ដែលញ៉ាំងឱ្យពិធីបានប្រព្រឹត្តទៅដោយជោគជ័យ និងថ្លែងអំណរគុណដល់កីឡាករចំណុះទូក «នរិន្ទរង្សីពិជ័យចិត្របុត្រ» ទាំងអស់ដែលបានខិតខំហ្វឹកហាត់ដើម្បីត្រៀមទៅចូលរួមប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញខាងមុខនេះ។
លោក សុខ លូ បានផ្តាំផ្ញើកីឡាករចំណុះទូកទាំងអស់ត្រូវពង្រឹងសាមគ្គីភាព ឯកភាពគ្នា និងត្រូវយកចិត្តទុកដាក់ហ្វឹកហាត់ត្រៀមដើម្បីទៅចូលរួមប្រកួតជាមិត្តភាពអបអរសាទរព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក សុខ លូ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ ខេត្តបាត់ដំបង បានត្រៀមទូកចំនួន៨ ដើម្បីទៅចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះផងដែរ៕
No comments:
Post a Comment