ខេត្តកំពង់ឆ្នាំង៖ កន្លងទៅសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់មានប្រសាសន៍ថា មន្ត្រីគ្រប់រូបត្រូវតែបំរើប្រជាពលរដ្ឋ។ រហូតមកដល់បច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបន្តវេន ក៏នៅតែប្រកាន់ខ្ជាប់នូវអនុសាសន៍ដ៏ថ្លៃថ្លា ធ្វើជាមន្ត្រីត្រូវបំរើប្រជាពលរដ្ឋ សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ប៉ុន្តែដោយឡែកនៅក្នុងស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង ស្រាប់តែប្រជាពលរដ្ឋមានការមិនសប្បាយចិត្តជាមួយ ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ថាធ្វើការយឺតយ៉ាវ មិនយកចិត្តទុកដាក់ធ្វើការងារជូនប្រជាពលរដ្ឋនោះទេ។ មិនតែប៉ុណ្ណោះរាល់ឯកសាររបស់ប្រជាពលរដ្ឋដាក់ទៅមន្ត្រីរូបនោះយកទៅទុកចោល មិនបំពេញការងាររបស់ខ្លួននោះទេទុកចោលរាប់ខែ ឆ្នាំក៏មានដែរ ប្រសិនបើមានលុយសូកប៉ាន់ទើបធ្វើការងារជូន។
យោងតាមប្រភពព័ត៌មានបែកធ្លាយបានឲ្យដឹងថា÷ «ខ្ញុំសូមផ្ញើរជូនប្រធានការិយាល័យសុរិយោដីស្រុកសាមគ្គីមានជ័យ និងបងប្អូនពលរដ្ឋក្នុងស្រុកសាមគ្គីមានជ័យ។
ប្រជាពលរដ្ឋលើកជាចម្ងល់ថាតើសុរិយោដីស្រុកសាមគ្គីមានជ័យ បំពេញការងារយ៉ាងដូចម្តេច? មានពលរដ្ឋមួយចំនួននៅស្រុកសាមគ្គីមានជ័យ បានប្រាប់មកខ្ញុំពីផលវិបាករបស់ពួកគេ ជុំវិញសេវាដីធ្លីរបស់ពួកគាត់ថាពិបាក យឺត ហើយខ្លះមិនបានទទួលប្លង់ដីដែលចុះជាប្រព័ន្ឋ តើមន្ត្រីសុរិយោដីចង់បានអ្វីមិនជួយពលរដ្ឋរឿងសេវាដីធ្លី?
ភាពអត់ធ្មត់របស់ខ្ញុំមានកំរិត ខាងក្រោមនេះជាលិខិតខ្ញុំដាក់ជូនបងអភិបាលខេត្តរឿងដីធ្លីខ្ញុំ ខ្ញុំដឹងថាពលរដ្ឋយើងនៅស្រុកសាមគ្គីមានជ័យមានការលំបាកខ្លាំងណាស់។ បើទោះបីខ្ញុំអាចស្រាយបញ្ហាខ្ញុំបាន ចុះពលរដ្ឋផ្សេងៗគិតយ៉ាងណា? នេះជាហេតុផលដែលខ្ញុំត្រូវបង្ហាញជាសាធារណៈនូវបញ្ហាក្នុងខ្ញុំរឿងដីធ្លីនេះ។ ប្រជាពលរដ្ឋបានបន្តថាឥលូវឯកសារខ្ញុំត្រូវបានយកទៅទុកចោល តេមិនលើក លើកនិយាយមិនចប់បិទ។
ខ្ញុំក៏មានការលំបាកចិត្ត ដោយសារពលរដ្ឋដែលជួបបញ្ហានេះតែងស្តីបន្ទោសថ្នាក់ដឹកនាំរដ្ឋាភិបាល ខ្ញុំក៏មិនអាចឈរមើលភាពអយុត្តិធម៌ចំពោះពលរដ្ឋ និងថ្នាក់ដឹកនាំខ្ញុំដោយសារមន្ត្រីអសកម្ម ខ្ញុំមិនថាពុករលួយទេ ដោយសារគ្មានភស្តុងតាំង។
ខ្ញុំគិតថាគួររៀបចំ សេវាដីធ្លីជូនពលរដ្ឋឡើងវិញ។
ខ្ញុំសូមផ្តាំ២
ទី១ ផ្ញើរជូនប្រធានការិយាល័យសុរិយោដីស្រុកសាមគ្គីមានជ័យថា លើកនេះខ្ញុំផុស លើកក្រោយខ្ញុំធ្វើឌីអូ លើកក្រោយទៀតនៅមានពលរដ្ឋមកប្តឹងខ្ញុំ ខ្ញុំសូមធ្វើរបាយការណ៍ជូន សម្តេច ពុក សម្តេច បង និងឯកឧត្តម ឧប សាយ សំអាល់។ លើកនេះខ្ញុំធ្វើលិខិតជូនបងអភិបាលខេត្ត។
ទី២ ជូនបងប្អូនពលរដ្ឋក្នុងស្រុកសាមគ្គីមានជ័យថា បងប្អូនមានបញ្ហាយឺតយ៉ាវរឿងសេវាដីធ្លីប្រាប់ខ្ញុំ ឬក្រុមការងារ ដើម្បីជួយបងប្អូនដាក់សំណើរទៅច្រកចេញចូលតែមួយរបស់ស្រុក ហើយបន្តនីតិវិធីទៅមុខទៀត។
ខ្ញុំសូមបញ្ជាក់បងប្អូនថា សម្តេច ពុក សម្តេច បង ឯកឧត្តម ឧប សាយ សំអាល់ ខិតខំណាស់ការពារសន្តិភាព អភិវឌ្ឍសង្គមជាតិ និងជាពិសេសតាមរយៈ ឯកឧត្តម ឧប សាយ សំអាល់ ខិតខំកំណែទម្រង់វិស័យដីធ្លីនៅកម្ពុជា»។
ជុំវិញបែកធ្លាយរឿងប្រជាពលរដ្ឋមិនសប្បាយចិត្តនិងប្រធានមន្ត្រីសុរិយោដីស្រុក ធ្វើការយឺតយ៉ាវរឿងធ្វើប្លង់ដីនេះដែរ អង្គភាពសារព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺពីប្រធានមន្ទីរសុរិយោដីស្រុកបានទេ រហូតម៉ោងចេញផ្សាយនេះ ដោយមិនមានប្រភពណាមួយអាចទំនាក់ទំនងបាន។
ដោយឡែកឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អ្នកសារព័ត៌មានយើងបានផ្ញើសារសួរទៅឯកឧត្តមតាមប្រព័ន្ធតេឡេក្រាម ពាក់ព័ន្ធនឹងករណីខាងលើនេះឃើញលោកចូលមើលតែមិនឆ្លើយតប។
អង្គភាពសារព័ត៏មានយើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺពីប្រធានការិយាល័យសុរិយោដីស្រុកសាមគ្គីមានជ័យ នៅរៀងរាល់ម៉ោងធ្វើការពាក់ពន័្ធប្រជាពលរដ្ឋថាលោកធ្វើការយឺតយ៉ាវរឿងប្លង់ដីនេះ ដោយយោងតាមច្បាប់ ស្ដីពីរបបសារព័ត៌មាននៅកម្ពុជា៕
No comments:
Post a Comment