សន្តិភាពដែលកើតឡើងដោយលំបាកបំផុតនោះ គឺបានដោយសារការតស៊ូលះបង់សាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រហូតតែមានថ្ងៃជ័យជម្នះ ៧ មករា ដែលអាចបង្កើតបានឡើវិញនូវព្រះវិហារ ហើយព្រះសង្ឃអាចបួសសិក្សារៀនសូត្រព្រះធម៍ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិជំនឿសាសនារបស់ខ្លួនបានដោយក្តីស្រលាញ់ពេញចិត្ត។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាស នាំយកនូវទៀនព្រះវស្សា រួមជាមួយគ្រឿង ឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១០វត្ត ស្ថិតក្នុងស្រុកចិត្របុរី ។
ពិធីប្រគេនទៀនវស្សានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅវត្ត “ អលមការាម “ ហៅវត្តកន្ទួត ស្ថិតក្នុងភូមិ កន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូបទៀត ។
ឆ្លៀតនាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា ដោយសារតែកត្តាសុខសន្តិភាព យើងមានឱកាសធ្វើអ្វីៗបានទាំងអស់ស្របតាមច្បាប់ ហើយ វិស័យព្រះពុទ្ធសាសនា និងសាសនាដ៏ទៃទៀតដែលមាននៅលើទឹកដីនៃប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ក្រោមដំបូលនៃសុខសន្តិភាព ដែលជាផលកើតចេញពីការខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានដឹកនាំនាវាកម្ពុជាពីគ្មានសាសនា មកមាន សាសនា និងបង្កើតអោយមានវត្តអារាមជាង ៥ ពាន់វត្ត ត្រូវបានកសាងឡើងវិញ បន្ទាប់ពីការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងរបស់ពួកខ្មែរក្រហម ។ តាមរយៈសន្តិភាព និងសមិទ្ធិផលដែលសម្រេចកសាងបានទាំងផ្នែកពុទ្ធិចក្រ និងអាណាចក្រ នាពេលកន្លងមកយ៉ាងច្រើននៅកម្ពុជា ហើយរាជរដ្ឋាភិបាល នីតិកាល ទី៧ ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំបាននឹងកំពុងបន្តនូវបេសកកម្មដ៏ជ្រះថ្លាក្នុងការថែរក្សា និងការពារអោយបានគង់វង្សយូរអង្វែងជារៀងរហូត។
ឯកឧត្តម បានបញ្ជាក់ដែរថា កម្ពុជាបាននឹងកំពុងបន្តប្រកាន់យកនូវ គុណតម្លៃ, គុណធម៌ និងទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក៏ដូចជាបន្តប្តេជ្ញាថែរក្សាសុខដុមនីយកម្ម សាសនា ដែលមានវត្តមាននៅកម្ពុជា ហើយប្រជាជនកម្ពុជាទាំងអស់នឹងបន្តទទួលបាននូវសេរីភាពខាងសាសនាដែលមានភាពរឹងមាំ ស្ថិតស្ថេរជាអមតៈ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្រ្តា បញ្ជាក់ជូនថា ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ បានត្រៀមខ្លួនចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ។
គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាខាង នយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក ហើយនឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គឡើយ ៕
No comments:
Post a Comment