ខេត្តកំពង់ស្ពឺ៖ មហាជនកំពង់រង់ចាំសង្កេតមើលថា
តើហេតុអ្វីបានមន្ទីរធនធានទឹកនិងឧតុនិយមននឹងមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺមិនកំណត់ព្រំឱ្យបានច្បាស់លាស់ក្នុងការជីកស្តារដីអាងទំនប់អូរក្រាំងអំបិល របស់ថៅកែ លឹម ចាន់ថុល ខណៈលេចឮថាមិនទាន់ដោះស្រាយសំណងផលប៉ះពាលើដីអាស្រ័យផលជាមួយប្រជាពលរដ្ឋដាច់ស្រេចនៅឡើយ។
រឿងជីកស្តារអាងទំនប់ទឹកអូរក្រាំងអំបិលរបស់លោកថៅកែ លឹម ចាន់ថុល នៅតែជាទីចាប់អារម្មណ៍របស់មហាជន ក៏ព្រោះតែគេបានឃើញគ្រឿងចក្របានជីកកាយស្ទើរតែពេញផ្ទៃអាងទំនប់អូរក្រាំងអំបិលនេះ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា មន្ទីរធនធានទឹកនិងឧតុនិយម និងមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺមិនបានកំណត់ព្រំ និងបោះបង្គោលព្រំឱ្យពិតប្រាកដច្បាស់លាស់នៅឡើយទេ ទោះបីក្រសួងចេញច្បាប់ទំហំ៩ហិកតា៩៦អា ក៏ដោយ។ អ្វីដែលរិតតែចាប់អារម្មណ៍ទៅនោះ លេចឮថាមិនទាន់ដោះស្រាយជាមួយប្រជាពលរដ្ឋដែលអាស្រ័យផលនៅឡើយទេ។ ដោយគេសង្កេតឃើញថាបន្ទាប់ពីកោះសន្តិភាពធ្វើការផ្សព្វផ្សាយរឿងដីអូរក្រាំងអំបិលនេះ គេបានឃើញ ក្រុមថៅកែ លឹម ចាន់ថុល កំពុងតែដុតដៃដុតជើង ហៅប្រជាពលរដ្ឋម្ចាស់ដីមកជួបជុំនៅសាលា ឃុំវល្លិ៍សរ ដើម្បីសម្របសម្រួលកុំឱ្យផ្ទុះរឿងកាន់តែធំទៅៗ។
បើតាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា កាលពីរសៀលថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៤ គេបានឃើញមនុស្សមួយក្រុមប្រមាណ៣ទៅ៤នាក់ បានកាន់លុយមួយបាច់ធំ ចូលទៅក្នុងសាលាឃុំវល្លិ៍សរ ដោយមានវត្តមានលោកមេឃុំវល្លិ៍សរ ផងដែរ ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង១០នាក់ ដើម្បីជួបចរចារនិងដោះស្រាយគោលនយោបាយរឿងផលប៉ះពាល់ដីអាស្រ័យផល ដោយក្នុងម្នាក់ទទួលបានជាង១០លានរៀល ជាថ្នូរមិនរករឿងនិងដាក់ពាក្យបណ្តឹង និងឈប់ធ្វើការតវ៉ាទៀត។
ប៉ុន្តែតាមប្រភពព័ត៌មានមួយទៀតបានបង្ហើបឱ្យដឹងថា ការកោះហៅប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្លារ ឃុំវល្លិ៍សរ ដែលមានដីអាស្រ័យផលនៅក្នុងអាងទំនប់អូរក្រាំងអំបិល កាលពីរសៀលរហូតដល់ល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាឃុំវល្លិ៍សរនោះ ប្រជាពលរដ្ឋមិនទាន់ព្រមយកលុយគោលនយោបាយនោះទេ។ ដោយសម្របសម្រួលគ្នាមិនត្រូវ ក្រុមថៅកែគ្រឿងចក្រហ៊ានឱ្យតម្លៃ៨កាក់(ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ តែមិនត្រូវរ៉ូវគ្នា។ ដូច្នេះប្រជាពលរដ្ឋមិនព្រមតាមការសម្របសម្រួលរបស់ក្រុមមនុស្សទាំងនោះនិងលោកមេឃុំវល្លិ៍សរ ដែលជាអ្នកសម្របសម្រួលក្នុងឱកាសនោះឡើយ។ ប្រភពបង្ហើបថា ក្នុងរង្វង់ដីប៉ះពាល់ជាង១០ហិកតា ប្រជាពលរដ្ឋ២៧គ្រួសារនោះ ទាល់តែបានតាមអ្វីដែលជាការស្នើសុំទើបពួកគាត់ព្រមទទួលយក និងបញ្ចប់រឿង។
បើតាមប្រជាពលរដ្ឋបង្ហើបទៀតថា ប្រសិនបើការសម្របសម្រួលដោះស្រាយមិនចប់ទេនោះ ពួកគាត់នឹងដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីជួយរកយុត្តិធម៌ហើយ។ ដោយសារតែពេលកន្លងមកក្រុមមនុស្សទាំងនោះបានកក់លុយលើដីដែលជីកកាយស្តារបន្តិចបន្តួចហើយដាក់គ្រឿងចក្រជីកកាយព្រំ ដោយមិនទាន់ឱ្យលុយគ្រប់នៅឡើយ កន្លងទៅពួកគាត់ផ្ទុះការតវ៉ាម្តងហើយពេលនោះគេឱ្យនៅស្ងៀមសិនចាំគេទូរទាត់ឲ្យ ទើបស្ងាត់រហូតមកដល់ពេលនេះ។
ប្រភពច្បាស់ការថា គ្រឿងចក្រថៅកែ លឹម ចាន់ថុល សុំច្បាប់ពីក្រសួងជិត១០ហិកតាមែន ប៉ុន្តែជីកកាយបានជាង១ហិកតាប៉ុណ្ណោះ បើកាយប៉ះដីពលរដ្ឋដែលអាស្រ័យផលនិងផ្ទុះរឿងទៀត ពីព្រោះថា មិនទាន់ឱ្យលុយប្រជាពលរដ្ឋគ្រប់ចំនួននៅឡើយទេ។
ពាក់ព័ន្ធរឿងខាងលើនេះ អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីលោកថៅកែ លឹម ចាន់ថុល ម្ចាស់អាជីវកម្មរណ្តៅដីអូរក្រាំងអំបិលមិនបានទេ ដោយសាគ្មានលេខទូរស័ព្ទធ្វើការទំនាក់ទំនង។
ដោយឡែកលោក នៅ ឌឹម មេឃុំវល្លិ៍សរ មិនអាចសុំការធ្វើអត្ថាធិបាយបានទេនៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤នេះ។
អ្នកសារព័ត៌មានគ្រាន់តែជាព្រាបនាំសារ ពីថ្នាក់ក្រោមទៅរាជរដ្ឋាភិបាល រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺពីសាម៉ីខ្លួននឹងគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបស្តីពីអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
No comments:
Post a Comment