- គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

 អ្នករកស៊ីដឹកទំនិញតាមច្រកភ្នំដិនផ្ទុះការតវ៉ាករណីគយខេត្តតាកែវ ដំឡើងថ្លៃពន្ធកប់ពពកមិនអាចទទួលយកបាន ?

12/11/2023

អ្នករកស៊ីដឹកទំនិញតាមច្រកភ្នំដិនផ្ទុះការតវ៉ាករណីគយខេត្តតាកែវ ដំឡើងថ្លៃពន្ធ និងបើកដៃឱ្យមន្ត្រីក្រោមឱវាទ ចាំរាប់ក្បាលឡានយកលុយ១គ្រឿងជាង៦លានរៀល

ក្រុមឈ្មួញរកស៊ីដឹកទំនិញឆ្លងកាត់ចំណុចព្រំដែនភ្នំដិនក្នុងស្រុកគីរីវង់ ខេត្តតាកែវ បញ្ចេញប្រតិកម្មរិៈគន់លោក ស៊ុន ឆាយ ប្រធានសាខាគយនិងរដ្ឋាករខេត្តតាកែវ និងលោក ប៉ោ សួន អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈនៃអគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា។ ក្រុមអាជីវករនិយាយថា លោក ស៊ុន ឆាយនិងលោក ប៉ោ សួន បើកដៃឱ្យមន្ត្រីក្រោមឱវាទអង្គុយចាំរាប់ក្បាលរថយន្តកំណត់យកលុយ ចូលហោប៉ាវផ្ទាល់ខ្លួនក្នុង១ជើងៗចាប់ពី៥០.០០០រៀល ទៅ ១០០.០០០ រៀលជាកំហិត។ ប្រភពបន្ថែមថា លើសនេះទៀតលោកស៊ុន ឆាយ និងលោក ប៉ោ សួន បានដំឡើង ថ្លៃពន្ធនាំចូលខ្ពស់កប់ពពកនិងកំណត់លើក្រដាសពន្ធនាំចូល ត្រឹមរយៈពេល ៣ ម៉ោងប៉ុណ្ណោះ ពោលគឺរាល់ការដឹកជញ្ជូនទំនិញចេញពីព្រំដែន មកចែកចាយលើទីផ្សារនៅកម្ពុជា។ បើលើសពី ៣ម៉ោងទំនិញទាំងនោះនឹងក្លាយជាទំនិញគ្មានពន្ធ ដែលប្រឈម និងការចាប់ផាកពិន័យ ១គុណជា៤ឯណោះ។


ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញនៅព្រឹកទី០៩ខែវិច្ឆិកា ឆ្នាំ ២០២៣ លើកគ្នាមកតវ៉ា នៅមុខស្នាក់ការគយចល័ត និងមុខសាខាគយ និងរដ្ឋាករខេត្តតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ។ ក្រុមអាជីវករលើកឡើងថា ពួក គាត់បានរកស៊ីដឹកទំនិញ”អីវ៉ាន់ចាប់ហួយ”ពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ជាយូរឆ្នាំមកហើយ។ ដោយខ្លះប្រើ រថយន្តកូរ៉េ និងខ្លះទៀតប្រើរថយន្តសាំយ៉ុង ជាមធ្យោបាយសម្រាប់ដឹកជញ្ជូន។ ជារៀងរាល់លើកពេលដឹក”អីវ៉ាន់ចាប់ហួយ” ចេញពីវៀតណាមចូលមកខ្មែរគឺត្រូវបង់ពន្ធនាំចូល នៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនអស់ចាប់ពី១,៥លានរៀល ទៅ៣លានរៀលក្នុង១ជើង។








អ្នករកស៊ីដឹកជញ្ជូនទំនិញទាំងនោះ បន្តហែកកកាយអំពើពុករលួយរបស់ពួកមន្ត្រីគយទៀតថា ក្រោយបង់ ពន្ធនៅព្រំដែនរួចហើយ នៅពេលចេញផុតពីព្រំដែនប្រហែល៧គីឡូម៉ែត្ររាល់រថយន្តដឹក”អីវ៉ាន់ចាប់ហួយ” ទាំងនោះ នឹងត្រូវបង់លុយឱ្យគយចល័ត ដែលមានស្នាក់ការ នៅខាងជើងផ្សារទន្លាប់ ក្នុងភូមិសាស្ត្រ ស្រុកគិរីវង់ ចាប់ពី២ម៉ឺនរៀល ទៅ៥ម៉ឺនរៀលសម្រាប់រថយន្ត១ គ្រឿងក្នុង១ជើងជាកំហិតទៀត។ លុះមកដល់ក្រុងដូន កែវទីរួមខេត្តតាកែវ តៃកុងរថយន្តឬព្រូឡានត្រូវចូលបង់ លុយឱ្យសាខាគយនិងរដ្ឋាករ ខេត្តតាកែវ ចំនួន១០ម៉ឺនរៀលទៀត សម្រាប់រថយន្ត១គ្រឿង។ បន្ទាប់មកទៀត ត្រូវបន្តបង់លុយឱ្យគយចល័ត ដែលមានស្នាក់ការនៅខាងកើត«រង្វង់មូលអូរចំបក់»ប្រហែល១៥០ម៉ែត្រចំនួន ៨ម៉ឺនរៀលទៀត សម្រាប់រថយន្តដឹកទំនិញ១គ្រឿង។


ក្រុមអាជីវករបញ្ជាក់ថា ការបង់ពន្ធ នៅព្រំដែនអន្តរជាតិភ្នំដិន គឺមានក្រដាសស្នាម បង់ពន្ធចូលរដ្ឋខ្លះនិងបង់ចូលហោប៉ាវ មន្ត្រីគយខ្លះ។ ប៉ុន្តែសម្រាប់ការបង់លុយឱ្យ គយចល័តទាំង២ទីតាំងខាងលើ រួមនិងសាខាគយ និងរដ្ឋាករខេត្តតាកែវ គឺពុំដែលមានវិក្កយបត្រ ឬចុងសន្លឹកបង់ពន្ធចូលរដ្ឋអ្វីឡើយ ។ ដោយជារៀងរាល់លើក ហុចលុយផ្ទាល់ដៃ ដាក់លើតុ ពោលគឺបង់ចូលហោប៉ៅមន្ត្រីគយតែម្ដង។ អ្នករកស៊ីដឹកជញ្ជូនទំនិញចាប់ហួយទាំង នោះបញ្ជាក់ទៀតថា មិនត្រឹមតែបណ្ដាក់គ្នា អង្គុយចាំយកលុយដូចខ្យងប៉ុណ្ណោះទេ។ប៉ុន្តែ បច្ចុប្បន្នលោកស៊ុន ឆាយ និងលោក ប៉ោ សួន បានសហការគ្នាដំឡើងថ្លៃពន្ធ ខ្ពស់កប់ពពកទៀតផង ដោយតម្រូវឱ្យអាជីវករ អ្នកដឹកជញ្ជូនបង់ពន្ធនៅព្រំដែនចំនួន ៦.២០០.០០០រៀលជាកំហិត ក្នុង១ជើង ដែលជាចំនួនច្រើនទ្វេដងបើប្រៀប ធៀបទៅនឹងតម្លៃពីមុន។ ជាហេតុនាំឱ្យពួកគាត់ ជួបការលំបាកខាតបង់ ហើយម្នាក់ៗ ប្រឈមនឹងក្ស័យធន គ្មានប្រាក់បង់ធនាគារ។


លើសនេះទៅទៀតមន្ត្រីគយបានកំណត់ឱសានវាទក្នុង លិខិតបង់ពន្ធនាំចូល ត្រឹមរយៈពេល ៣ម៉ោងប៉ុណ្ណោះ។ ដោយគិតចាប់ពីពេលបោះត្រា ចេញពីព្រំដែន ហើយបើលើសពី៣ម៉ោង រាល់ទំនិញរបស់អាជីវករ នឹងក្លាយជាទំនិញគេចពន្ធ ឬខុសច្បាប់ ដែលប្រឈមនឹងចាប់ផាក ពិន័យ១គុណជា៤។ ព្រោះតែបែបនេះហើយ ទើបក្រុមអាជីវករ លើកគ្នាមកផ្ទុះការតវ៉ា ដើម្បីទាមទារចំនួន០៣ ចំណុចដូចខាងក្រោម៖


ទី១៖ ស្នើសូមឱ្យមន្ត្រីគយ លើកលែងការយកពន្ធតម្លៃខ្ពស់ ឱ្យយកត្រឹមតម្លៃដូចពីមុន។


២៖ សូមឱ្យមានការពន្យារពេល បន្ថែមម៉ោងថ្ងៃ ដើម្បីងាយស្រួលពួកគាត់ ចល័ត និងដឹកជញ្ជូនទំនិញ ចែកចាយតាមទីផ្សារ។


៣៖ សូមឱ្យស្ថាប័នគយ យោគយល់ចំពោះការចាប់ផាកពិន័យ រថយន្តតាក់ស៊ីនិងរថយន្តសាំយ៉ុង ស៊ីឈ្នួលដឹកទំនិញ”អីវ៉ាន់ចាប់ហួយ”ឱ្យគេ។ ស្របពេលដែល រថយន្តដឹកទំនិញចំនួន២គ្រឿង ត្រូវបានកម្លាំងសាខាគយ និងរដ្ឋាករខេត្តតាកែវ ចាប់ឃាត់ទុក គ្រោងនឹងផាកពិន័យក្នុង១គ្រឿង៥.០០០ដុល្លារទៀតផង។


ក្រុមអាជីវករដែលរកស៊ីដឹកទំនិញទាំងនោះ និយាយថាវាជាអំពើពុករលួយដែលប្រព្រឹត្តឡើង ដោយក្រុមមន្ត្រីគយនៅក្នុងខេត្តតាកែវ ចាប់ពីច្រកព្រំដែនភ្នំដឹន រហូត ដល់ផុតទឹកដីខេត្តតាកែវចូលរាជធានីភ្នំពេញ។ ករណី នេះក្រុមអាជីវករអំពាវនាវដល់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ពិនិត្យមើលក្រុមមន្ត្រីគយនៅខេត្តតាកែវនោះផង។

No comments:

Post a Comment

Pages