វត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំងនេះ កាលដើមឡើយ គឺជាទីទួលដែលសម្បូរទៅដោយដើមក្រសាំងតូចធំ ហើយនៅរដូវវស្សាទីទួលនេះមិនលិចទឹកនោះទេ។ ក្នុងសម័យប្រទេសជាតិធ្លាក់ចូលទៅក្នុងកលិយុគចន្លោះឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ ទីទួលនេះ បានក្លាយជាទីតាំងស្នាក់អាស្រ័យសម្រាប់ការភៀសខ្លួនរបស់ប្រជាជនមកពីខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងការនិមន្តភៀសព្រះកាយរបស់ព្រះសង្ឃផងដែរ។ អាស្រ័យដោយការគោរពប្រតិបត្តិព្រះពុទ្ធសាសនាទៅតាមលទ្ធភាពប្រជាពលរដ្ឋនាពេលនោះ បានផ្តើមគំនិតរៀបចំទីទួលនេះ ឱ្យមានសាលាឆទានមួយដែលមានឈ្មោះថា «សាលាឆទានទួលក្រសាំង» ក្នុងឆ្នាំ១៩៧៣។ ប៉ុន្តែក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទីតាំងនេះ ត្រូវបានបំផ្លិចបំផ្លាញចោលនៅសេសសល់តែបល្ល័ង្កព្រះតូចមួយប៉ុណ្ណោះ។ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនា បានក្លាយជាសាសនារបស់រដ្ឋឡើងវិញ ហើយទីវត្តអារាម កន្លែងសក្ការៈបូជា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក្នុងវិស័យព្រះពុទ្ធសាសនា ត្រូវបានបើកឱ្យដំណើរការ និងអនុមោទនាចូលរួមកសាងឡើងវិញជាបន្តបន្ទាប់។
កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតី បុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរីនេះ សម្តេចតេជោ បានរំពឹងថា កូនចៅត្រកូល «ហ៊ុន» និងត្រកូល «ឌី» នឹងមិនបោះបង់វត្តព្រះបារមីវង្កតបុរីនោះទេ ហើយបន្តជួយជ្រោមជ្រែងគាំទ្រដល់វត្តនេះរហូតទៅ។ សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា៖ «កសាងទីអារាមនៅទីនេះវាមិនគ្រាន់តែជាទីអារាមសម្រាប់ផ្នូររបស់មាតា បិតា របស់ខ្ញុំប៉ុណ្ណោះទេ ក៏ប៉ុន្តែ សម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្ត និងអ្នកដទៃទៀតដែលមានជំនឿលើព្រះពុទ្ធសាសនា ដែលខ្ញុំព្រះករុណាខ្ញុំគិតថានេះជាចំណងទាក់ទងដ៏ប្រសើររវាងអាណាចក្រ និងពុទ្ធចក្រ»។
No comments:
Post a Comment