អាវុធហត្ថខណ្ឌដង្កោម្នាក់ដែលកំពុងឈរ សម្រួលចរាចរណ៍ និងការពារជូនក្បួនថ្នាក់ដឹកនាំ ត្រូវរ៉ឺម៉កម៉ូតូកង់បីបុកបែកក្បាល ទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងក្រុមការងារ!
លោកអនុសេនីយ៍ឯក កា សី ជាជំនួយការកងរាជអាវុធហត្ថខណ្ឌដង្កោ កំពុងបំពេញភារកិច្ច សម្រួលចរាចរណ៍ និងការពារក្បួន ថ្នាក់ដឹកនាំតាមផ្លូវ ស្រាប់តែត្រូវម៉ូតូរ៉ឺម៉កកង់បី បើកបរមិនប្រយ័ត្ន បានបុកទៅលើលោក បណ្តាលឲ្យ បែកក្បាលហូរឈាមស្រោចមុខ ដួលទៅលើដីរបួសធ្ងន់។ រីឯម្ចាស់រ៉ឺម៉កកង់ មានការភ័យស្លន់ស្លោ ព្រោះតែបានប្រព្រឹត្តកំហុស ប៉ះពាល់ទៅមន្ត្រីសមត្ថកិច្ចកំពុងបំពេញភារកិច្ចផង និងបារម្ភគ្មានលទ្ធភាព ចេញសំណងព្យាបាលជនរងគ្រោះផង ស្រាប់តែបានទទួលការសណ្តោសប្រណីពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយលោកមិនយកទោសពៃរ៍ពីម្ចាស់កង់បីហើយ ថែមទាំងមិនឲ្យចេញថ្លៃសំណងព្យាបាលជនរងគ្រោះទៀត គឺគ្រាន់តែទទួលស្គាល់កំហុសដែលខ្លួនឯងបានប្រព្រឹត្ត និងទទួលការអប់រំណែនាំពីច្បាប់ចរាចរណ៍ កុំឲ្យធ្វេសប្រហែសទៅថ្ងៃក្រោយទៀតប៉ុណ្ណោះ ចំណែកជនរងគ្រោះត្រូវបាន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។
នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ស សុភ័ណ្ឌ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក កា សី ដោយបានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង និងបាននាំយកថវិកាចំនួន ២លានរៀល (ជាថវិកាផ្ទាល់របស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងថវិកាចូលរួមពីមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ), ទឹកក្រូច២កេស, ទឹកសុទ្ធ៤កេស, ទឹកដោះគោឆៅចំនួន២យួរ ជូនដល់លោកអនុសេនីយ៍ឯក កា សី ជាអំណោយសួរសុខទុក្ខផងដែរ ៕
No comments:
Post a Comment