MC ៖ សហគ្រាសមួយកន្លែងក្នុងរាជធានីភ្នំពេញបានប្រមូលទិញសំរាមនិងកាកសំណល់សរីរាង្គ៣០តោនក្នុងមួយថ្ងៃ ដើម្បីយកទៅច្នៃធ្វើជាជីកំប៉ុស្តធម្មជាតិ សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖ លោក គីម នីដូ ជាស្ថាបនិកកែច្នៃសំរាមទៅជាជីកំប៉ុស្ត ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិ កម្ពុជាថា លោកបានសិក្សាស្វែងយល់ពីបច្ចេកទេសក្នុងការកែច្នៃសំរាម និងកាកសំណល់សរីរាង្គនេះរយៈពេលជាង៧ឆ្នាំមកហើយ ដើម្បីជួយដល់បរិស្ថានតាមរយៈផលិតជាជីកំប៉ុស្តដែលសម្រួលដល់ការកាត់បន្ថយចំណាយ របស់ប្រជាកសិករដែលដាំដុះដំណាំ គ្រប់ប្រភេទ។ ក្រៅពីនេះ ក្នុងគោលបំណងចូលរួមចំណែកលុបបំបាត់កាកសំណល់ផ្សេងៗ នៅក្នុងប្រទេសផងដែរ។ លោកបានបន្តថា ក្នុងមួយថ្ងៃលោកប្រមូលសំរាម ឬកាកសំណល់សរីរាង្គផ្សេងៗប្រមាណជា៣០តោន ដើម្បីយកមកបំប្លែងធ្វើជាជីធម្មជាតិ សម្រាប់កាត់បន្ថយការចំណាយរបស់ប្រជាកសិករ ជាអ្នកដាំដុះដំណាំផ្លែឈើគ្រប់ប្រភេទ។ លោកបានបញ្ជាក់ថា ដោយសង្កេតឃើញតាមបណ្តាប្រទេសជឿនលឿនមួយចំនួន បានយកចិត្តទុកដាក់ខ្ពស់ ទៅលើបរិស្ថាន ការកែច្នៃ កាកសំណល់ផ្សេងៗទៅជាជីកំប៉ុស្ត ជាពិសេសដោយនៅពេលបច្ចុប្បន្ននេះ មានកំណើនប្រជាកសិករជាច្រើន មានការចំណាយខ្ពស់លើការ ប្រើប្រាស់ជីគីមី និងដោយសារមានទឹកចិត្តស្រឡាញ់ជាតិផងនោះ ទើបលោកបានបង្កើតសហគ្រាសនេះឡើង ដើម្បីការពារបរិស្ថាន និង ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចកម្ពុជា ។។ សំឡេង« ទីមួយអ្វីដែលខ្ញុំគិតគឺខ្ញុំស្រឡាញ់បរិស្ថាន និងចង់លើកស្ទួយវិស័យកសិកម្ម ដោយសារតែខ្ញុំទៅស្រុកគេ ប៉ុន្តែស្រុកគេមិនមែន ជាប្រទេសកសិកម្មផង ក៏ប៉ុន្តែគេអាចធ្វើជាជីកំប៉ុស្តបាន ជាគំនរធំៗដូចជាភ្នំអញ្ចឹង ចឹងស្រុកខ្មែរយើងក៏ជាប្រទេសកសិកម្មមួយដ៏ធំដែល សម្បូរវត្ថុធាតុដើមច្រើន ហើយខ្ញុំឃើញកាកសំណល់ទាំងអស់រាយពាសពេញតាមផ្លូវ និងតាមផ្សារ ដូច្នេះខ្ញុំគិតថានេះគឺជាលុយ ចឹងខ្ញុំចង់ ឲ្យប្រជាកសិករយើងចំណាយតិចលើការប្រើប្រាស់ជីធម្មជាតិ»។ លោកបានអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋយើងទាំងអស់ សូមជួយបែងចែកសំរាមឲ្យដាច់ដោយឡែកពីគ្នា ដូចដែលរាជរដ្ឋាភិបាល បាន ជម្រាបជូនជាដំណឹង និងជាពិសេសសូមបងប្អូនប្រជាកសិករទាំងអស់ ជួយគាំទ្រនូវផលិតផលដែលខ្មែរយើងផលិតបាន ដើម្បីយកមក ប្រើប្រាស់ក្នុងការដាំដុះដែលធ្វើឱ្យដំណាំរីកលូតលាស់ល្អ និងទទួលទិន្នផលច្រើន។ សូមបញ្ជាក់ថា សហគ្រាស ធ្វីនអាគ្រីតិច បានបង្កើតឡើងនៅឆ្នាំ២០១៣ ដែលបច្ចុប្បន្នមានសមាជិកចំនួន៥នាក់។ក្រុមហ៊ុននេះបាន លក់ជីកំប៉ុស្តដែលផលិតបាននោះតម្លៃ ១២៥ដុល្លារក្នុង១តោន និងជីកំប៉ុស្តអាចម៍ជន្លេនតម្លៃ១៥៥ដុល្លារក្នុង១តោន ៕
វិទ្យុ ៖ កញ្ញា ម៉ៅ សុខរីម ០៦,១០,២០២១
No comments:
Post a Comment