MC : ខ្នងភ្នំឱរ៉ាល់នៃខេត្តកំពង់ស្ពឺ នៅតែជាតំបន់ដែលក្រុមអ្នកទេសចរបែបផ្សងព្រេងពេញនិយមទៅកម្សាន្ត ឡើងភ្នំបោះតង់ មិនចេះដាច់ ដោយសារទីនោះមានធម្មជាតិជីវៈចម្រុះដើមឈើធំៗក្រាស់ៗជាច្រើនប្រភេទ រួមជាមួយនឹងជ្រលងភ្នំខ្វាត់ខ្វែង ដែលបង្អួត សម្រស់ដ៏ស្រស់ស្អាតនារដូវវស្សានេះ។ លោក រស់ សុខ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា តំបន់ទេសចរណ៍ផ្សងព្រេងល្បីៗ ប្រចាំខេត្ត កំពង់ស្ពឺនេះរួមមាន ខ្នងភ្នំឪរ៉ាល់ ខ្នងភ្នំផ្សារនិងខ្នងភ្នំ៧០០ ដែលជាតំបន់សម្បូរទៅព្រៃឈើក្រាស់ៗ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ លោកបានបញ្ជាក់ថា ភ្ញៀវទេសចរជាច្រើនបានទៅលេងកម្សាន្តរៀងរាល់សប្តាហ៍ ជាពិសេសគឺក្រុមយុវជន ខណៈដែលដូវវស្សាឈាន ចូលមកដល់ ធ្វើឲ្យធម្មជាតិកាន់តែស្រស់ត្រកាល ធ្វើឲ្យយុវជនគ្រប់មជ្ឈដ្ឋានកាន់តែចង់ស្វែងយល់ពីតម្លៃធម្មជាតិ។ «យើងដឹងស្រាប់ហើយនៅក្នុងប្រទេសយើង ភ្នំដែលខ្ពស់ជាងគេ គឺភ្នំឪរ៉ាល់នេះហើយ ភ្ញៀវគាត់ចង់ទៅ គាត់ចង់ទៅលម្ហែ ជាមួយនឹងធម្មជាតិហើយគាត់ចង់ដឹងកើតឡើងភ្នំនេះ ហើយទេសភាពនៅទីនោះ ដូចយើងដឹងស្រាប់ហើយ គឺធម្មជាតិស្រស់ស្អាត ខ្យល់បរិសុទ្ធហើយភ្ញៀវក៏សម្រុកទៅហ្នឹង ហើយទី២ទៀតគាត់សំដៅទៅកន្លែងដែលយន្តហោះធ្លាក់ តាំងពីយូរណាស់មកហើយ នៅតំបន់នោះហើយគាត់ចង់ទៅស្រាវជ្រាវខ្លះៗពីប្រវតិ្តយន្តហោះនោះ»។ លោក ឆា លី ដែលបានធ្វើដំណើរកម្សាន្តទៅតំបន់ទាំងនោះ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងដែរថា សម្រាប់ការធ្វើដំណើរផ្សេងព្រេង នៅខ្នងភ្នំឪរ៉ាល់នេះ លោកទទួលបានទាំងអារម្មណ៍សប្បាយរីករាយ រំសាយអស់នូវទុកកង្វល់ផ្សេងៗ ជាពិសេសទទួលបានបទពិសោធន៍ ថ្មីៗសម្រាប់ជីវិតទាក់ទងនឹងការសម្របខ្លួនរស់នៅជាមួយធម្មជាតិដែលទទួលយកភាពម្ចាស់ការ និងការងារជាក្រុម» ។ សំឡេង៖«មូលហេតុដែលខ្ញុំជ្រើសរើសយកភ្នំឪរ៉ាល់ជាដំណើរផ្សងព្រេងព្រោះភ្នំឪរ៉ាល់ជាភ្នំដែលខ្ពស់ជាងគេនៅស្រុកខ្មែរហើយខ្ញុំចង់មើលបទពិសោធន៍ដើរឡើងភ្នំនោះហើយខ្ញុំឮគេថាឡើងភ្នំហ្នឹងខ្ពស់ហើយពិបាកហើយ ខ្ញុំចង់ស្វែងយល់ការឡើងភ្នំថ្មី ហើយពិបាក ពិសេសភ្នំនោះ គឺទេសភាពស្អាតមែនទែន»។ លោកបានបន្ថែមថា ការធ្វើដំណើរផ្សងព្រេងនៅតាមព្រៃភ្នំ យើងត្រូវត្រៀមសម្ភារចាំចាច់និងគ្រឿងបរិភោគផ្សេងៗដូចជា ត្រីខ មី កាហ្វេ តង់ស្នាក់ អង្រឹង ពិសេសថ្នាំសង្គ្រោះបឋមដូចជា ថ្នាំបញ្ចុះកម្ដៅ ថ្នាំបាត់ឈឺពោះ ប្រេងខ្យល់ ប្រេងកូឡាជាដើម។ល។ សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជាច្រើនកន្លែង ដែលទាក់ទាញអ្នកទេសចរ ទៅលេងកម្សាន្ត មិនចេះដាច់៕
វិទ្យុជាតិកម្ពុជា ៖ ហាន់ស្រីណា០៦.១០.២១
No comments:
Post a Comment