ខេត្តក្រចេះ÷ មហាជនបានជ្រាបហើយថាមួយរយៈពេលកន្លងមកនេះមានក្រុមមេឃ្លោង ឈ្មោះ ភួង រ៉ា និងបក្សពួកខ្លួន បានបំផុសបំផុលឱ្យប្រជាពលរដ្ឋជាច្រើនចូលទៅរុករានទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើរបស់រដ្ឋធ្វើជាកម្មសិទ្ធិនិងទុកលក់បន្តនោះ ដោយមិនខ្លាចញញើតច្បាប់ទាល់តែសោះ ស្ថិតនៅក្នុងភូមិត្រពាំងឈូក ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្នួល នៃខេត្តក្រចេះ បាននិយាយឱ្យដឹងថា ក្រុមមេឃ្លោងដែលបំផុសបំផុលប្រជាពលរដ្ឋឲ្យចូលទៅរុនរានដីព្រៃរបស់រដ្ឋទាំងនោះមានឈ្មោះដូចតទៅ ទី១.ឈ្មោះ ភួង រ៉ា -ទី២.ឈ្មោះលោក សេន (ជាជនជាតិខ្មែរអ៊ីស្លាម) -ទី៣.ឈ្មោះ ទួន មីន (ជាជនជាតិខ្មែរអ៊ីស្លាម) -និងទី៤.ឈ្មោះ លោក សល់ ឈ្មោះអ្នកទាំងបួននេះ ដែលប្រជាពលរដ្ឋឱ្យដឹងថាជាមេឃ្លោងក្នុងការរុនរាន និងរំលោភយកដីគម្របព្រៃឈើរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ (ក្នុងដែនជម្រកសត្វ) មកធ្វើជាសម្បត្ដិផ្ទាល់ខ្លួន និងបំផុសបំផុលឱ្យប្រជាពលរដ្ឋមានពីទីឆ្ងាយចូលរុនរាន និងចាប់ដីគម្របព្រៃរបស់រដ្ឋ ដើម្បីទុកលក់បន្ដក្រោយពីបានដាំដុះដំណាំ ហើយបន្ដទៅរុករានទីតាំងដីថ្មីបន្ដទៀត ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន លេខ៩៧/ ប្រក.ប.ស្ថ/ អ.ស.ម ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានពិនិត្យឃើញថា រហូតមកដល់ពេលនេះ នៅតែមានបុគ្គលឆ្លៀតឱកាសមួយចំនួនតូច បានធ្វើចលនាបំផុសឱ្យប្រជាពលរដ្ឋចូលកាប់ រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ និង ដីព្រៃក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនក្នុងរូបភាពជាដីអាស្រ័យផល។ ទង្វើបែបនេះ គឺជាការប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ផ្ទុយទៅនឹងមាត្រា២៦ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដូចមានចែងថា “សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិចពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃក្នុង សហគមន៍ តំបន់ការពារធម្មជាតិ ដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួង បរិស្ថាន និងបង្វែធ្វើជាដីកសិកម្ម ឬ ធ្វើជាកម្មសិទ្ធិបុគ្គល ឬ លក់ ប្តូរ ជួល បញ្ចាំ ប្រវាស់ បែងចែក ដោះដូរ ឬធ្វើការផ្ទេរតំបន់គ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យទៅជារូបវន្តបុគ្គល ឬនីតិបុគ្គល ណាមួយ បានឡើយ”។
ក្នុងន័យនេះ ក្រសួងបរិស្ថានសូមដាក់ចេញនូវវិធានការដូចខាងក្រោម៖
គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ត្រូវការពារថែរក្សាផ្ទៃដីព្រៃសហគមន៍ឱ្យបានគង់វង្ស ស្របតាមប្រកាសរបស់ក្រសួងបរិស្ថាន។ ក្នុងករណ៏ចាំបាច់គណៈកម្មការសហគមន៍តំបន់ការពារ ធម្មជាតិ ត្រូវផ្តល់ព័ត៌មានជាបន្ទាន់ជូនមន្ទីរបរិស្ថានខេត្តសាមី ដើម្បីស្នើសុំការណែនាំ និងចាត់ វិធានការតាមផ្លូវច្បាប់ឱ្យទាន់ពេល
រូបវន្តបុគ្គល ឬនីតិបុគ្គលពាក់ព័ន្ធត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពកាប់ឆ្ការ រុករាន ទន្ទ្រាន ហ៊ុមព័ទ្ធ ដាំដុះដំណាំនៅលើដីសហគមន៍តំបន់ការពារធម្មជាតិ
បុគ្គលដែលបានកាប់រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ ត្រូវប្រគល់ដីនោះឱ្យទៅ សហគមន៍វិញដោយឥតលក្ខខណ្ឌ និងធ្វើការដាំស្តារព្រៃឈើនៅលើដីដែលបានកាប់រានឡើងវិញ មន្ទីរបរិស្ថានខេត្ត ត្រូវដឹកនាំមន្ត្រីឧទ្យានុរក្ស សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពមាន សមត្ថកិច្ចពាក់ព័ន្ធ និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ចុះអនុវត្តទប់ស្កាត់រាល់ សកម្មភាពកាប់ឆ្ការដីព្រៃសហគមន៍ ស្របតាមច្បាប់ជាធរមាន។
ទទួលបានសេចក្តីប្រកាសព័ត៌មាននេះ សូមក្រសួង ស្ថាប័នមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថានខេត្ត ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីឈានទៅបញ្ចប់រាល់សកម្មភាពកាប់ រុករាន ទន្ទ្រានដី ព្រៃសហគមន៍តំបន់ការពារធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ឱ្យមានប្រសិទ្ធភាព។
បើនិយាយអំពីច្បាប់នៃការចូលរុករានកាន់កាប់ដីរបស់រដ្ឋ ដោយគ្មានការអនុញ្ញាតនោះ គឺសុទ្ធសឹងតែជាទង្វើផ្ទុយពីច្បាប់ តើក្រុមមេខ្លោងឈ្មោះ ភូង រ៉ា និងបក្សពួកខ្លួនខាងលើនោះ ហេតុអ្វីក៏ហ៊ានម្ល៉េះ មិនខ្លាចញញើតនឹងច្បាប់បែបនេះ។
គូសបញ្ជាក់ផងដែរថា មួយរយៈពេលកន្លងមកនេះ ក្រុមមេខ្លោងឈ្មោះ ភូង រ៉ា និងបក្សពួកខ្លួន ដែលបានចូលទៅបោះបង្គោលលើដីដែលមិនបានអាស្រ័យផលជាក់ស្ដែង កំពុងភ័យខ្លួន ប្រឈមមុខច្បាប់ បានប្រើល្បិចជាបំភ័យពលរដ្ឋដែលបានអាស្រ័យផលត្រឹមត្រូវ ធ្វើការតវ៉ា ដើម្បីបិទបាំងអំពើអាក្រក់របស់ខ្លួន ដោយប្រាប់ប្រជាពលរដ្ឋថា និងមានគេមកយកដីរបស់ពួកគាត់ដែលកំពុងអាស្រ័យផល ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិ ត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួលមានការ ភ័យខ្លាច ព្រោះត្រូវបាត់បង់ដីរបស់ពួកគាត់។ មិនតែប៉ុណ្ណោះ ក្រុមមេខ្លោងឈ្មោះ ភូង រ៉ា និងបក្សពួកខ្លួន បានជួលអ្នកសារព័ត៌មានម្នាក់ដែលអះអាងថា ខ្លួនជាចាងហ្វាង អង្គភាពសារព័ត៌មានគេហទំព័របណ្ដាញព័ត៌មានថ្មី (ហៅកាត់ថា N3) ដែលជាសារព័ត៌មានក្នុងស្រុក បានធ្វើការចុះផ្សាយ ក្រោមរូបភាពកៀគរប្រជាពលរដ្ឋ យកមកធ្វើជាខែល ក្នុងន័យបិទបាំងការពិត ដោយខ្លួនបានធ្វើសកម្មភាពចុះផ្សាព័ត៌មានផ្ទុយពីវិជ្ជាជីវៈ និងក្រមស
ីលធម៌ ជាអ្នកសារព័ត៌មាន ដែលសម្ដែងចេញមានលក្ខៈញ៉ុះញ៉ុងប្រជាពលរដ្ឋ ធ្វើការបទសម្ភាសន៍ដោយសំនួរបិទ ពោលគឺ ដើរតួរ ជាអ្នកសារព័ត៌មានផង មន្ដ្រីមានសមត្ថកិច្ចផង អង្គច្បាប់ផង វែកញ៉ែក បញ្ចេញបញ្ចូលសាច់រឿង លើសពីការពិត ដែលផ្ទុយទាំងស្រុងពីវិជ្ជាជីវៈសារព័ត៌មាន ដែលក្រសួងព័ត៌មានបានចែងក្នុងកិច្ចសន្យាលើការប្រកអាជីវកម្មព័ត៌មាន និងសោតទស្សន៍ ដែលធ្វើឱ្យមានភាពចលាចលនៅក្នុងខេត្តដើម្បីបិទបាំងរឿងអាក្រក់របស់ខ្លួន។
ទោះមានការលើកឡើងជាយ៉ាងនេះសូមប្រជាពលរដ្ឋដែលមានដីអាស្រ័យផលពិតប្រាកដសូមកុំមានការភ័យព្រួយ នឹងឈប់ចាញ់បោកបញ្ឆោតការញុះញង់របស់បក្ខពួកលោក ភួង រ៉ា ព្រមទាំងអ្នកសារព័ត៌មានម្នាក់ដែរផ្សាយមិនពិតដែលធ្វើឲ្យមានការភាន់ច្រឡំទៅលើប្រជាពលរដ្ឋដែលមានដីអាស្រ័យផង។
ករណីនេះប្រជាពលរដ្ឋដែលមានដីពិតប្រាកដស្នើសូមមន្ដ្រីជំនាញពាក់ព័ន្ធ ក៏ដូចថ្នាក់ដឹកនាំខេត្ដ មេត្ដាពិនិត្យ និងវែកមុខជនខិលខូច ដែលតែងធ្វើសកម្មភាព ដើម្បីទប់ស្កាត់ការរុករានដីព្រៃរបស់រដ្ឋជាបន្ដទៅទៀត៕
No comments:
Post a Comment